Header Ads

សារព័ត៌មាន Fox Sport និយាយថា ការទៅលេងនៅជប៉ុន គឺជាការបាត់បង់ឱកាសដ៏ធំមួយរបស់ ចាន់ វឌ្ឍនាកា


អាស៊ី៖

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fox Sport Asia ដែលជាគេហទំព័រដ៏ល្បីនៅក្នុងតំបន់អាស៊ី បានឲ្យដឹងថា ការផ្ទេរទៅលេងនៅក្លិបរបស់ប្រទេសជប៉ុន គឺជាការបាត់បង់ឱកាសដ៏ធំមួយ របស់ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា។

ប្រភពបានអះអាងឲ្យដឹងបន្តទៀតថា ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ ចាន់ វឌ្ឍនាកា គួរតែទៅលេងនៅប្រទេសសាំងហ្គារពួរ ឬម៉ាឡេស៊ី ប្រសើរជាងទៅលេងនៅលីកទី៣ របស់ប្រទេសជប៉ុន។


ក្នុងនោះដែរ សារព័ត៌មាន Fox Sport Asia បានលើកហេតុផលសាមញ្ញមួយថា ប្រសិនបើកីឡាករខ្លាំងនៅអាស៊ីអាគ្នេយ៍ទៅលេងនៅជប៉ុន នោះវានឹងធ្វើឲ្យមានការចាប់អារម្មណ៍ពីអ្នកគាំទ្រនៅប្រទេសកំណើតរបស់ពួកគេ។ ហើយប្រសិនបើកីឡាករទទួលបានជោគជ័យទៀតនោះ គឺវាអាចនឹងរឹតតែធ្វើឲ្យមានការរំភើបពី អ្នកគាំទ្រ ប្រព័ន្ធសារព័ត៌មាន និងចុងក្រោយគឺអ្នកឧបត្ថម្ភ។

Fox Sport បានបន្ថែមទៀតថា ជាក់ស្តែងករណីនេះវាមិនទាន់កើតឡើងនៅឡើយទេ។ កីឡាករដែលធ្លាប់ទៅលេងនៅទីនោះទាំងប៉ុន្មាន មិនទាន់មាននរណាធ្វើឲ្យមានការប្រែប្រួលធំដុំនៅឡើយ តែពួកគេក៏បានទទួលប្រយោជន៍ជាច្រើនពីការលេងនៅជប៉ុន សម្រាប់ខ្លួនគេផ្ទាល់ផងដែរ។


យ៉ាងណាមិញ សារព័ត៌មានកីឡាដ៏ល្បីមួយនេះ ក៏បានលើកសរសើរ ចាន់ វឌ្ឍនាកា គឺជាកីឡាករល្អ មានទេពកោសល្យដ៏ខ្លាំងមួយរូបផងដែរ តែក្នុងនោះពួកគេបានផ្តល់ជាគំនិតបន្ថែមទៀតថា បើសិន វឌ្ឍនាកា ចង់ទៅលេងនៅជប៉ុននោះ គេអាចសម្រេចទៅលេងនៅពេលក្រោយបាន តែគេត្រូវបន្សំសមត្ថភាពរបស់គេឲ្យខ្លាំងនៅតំបន់អាស៊ីអាគ្នេយ៍សិន ហើយនៅពេលដែលគេខ្លាំងហើយ គេអាចនឹងទៅលេងនៅលីកកំពូលរបស់ប្រទេសជប៉ុនផងក៏ថាបានដែរ។ បើតាមការអះអាងរបស់ Fox Sport ចង់បង្ហាញឲ្យឃើញថា វឌ្ឍនាកា គួរតែទៅលេងនៅសាំងហ្គាពួរ ឬម៉ាឡេស៊ីឲ្យខ្លាំងសិន ចាំសម្រេចទៅលេងនៅជប៉ុនតាមក្រោយ៕

យ៉ាងណាក៏ដោយ ចាន់ វឌ្ឍនាកា បានសម្រេចផ្ទេរទៅលេងនៅជប៉ុនរួចរាល់ហើយក្នុងល័ក្ខខ័ណ្ឌខ្ចីជើង តើចាំមើលថា វឌ្ឍនាកាអាចវិវឌ្ឍន៍ខ្លួនបាន ឬយ៉ាងណា?



No comments