«គម្រោងប្ដូរលុយ»គ្រប់ប្រព័ន្ធទូរស័ព្ទ ក្រសួងបញ្ជាឲ្យបិទត្រឹមបំណាច់ខែ មីនានេះ
រាជធានីភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ឱសានវាទបញ្ឈប់«គម្រោងប្ដូរលុយ» ដែលក្រុមហ៊ុនទូរស័ព្ទបានដាក់ចេញ ដើម្បីប្រកួតជែងក្នុងពេលថ្មីៗ ត្រឹមបំណាច់ខែមីនា ឆ្នាំនេះ ព្រោះថាការប្រកួតប្រជែងគម្រោងបញ្ចុះតម្លៃដ៏សម្បើមនេះ បានធ្វើឲ្យបាត់គុណភាពនៃសេវា និងបាត់ចំណូលពន្ធជូនរដ្ឋ ។ ក្រសួងបានកំណត់ឲ្យបញ្ឈប់ការប្រកួតប្រជែងតម្លៃបែបនេះ ធ្វើឡើងកាលនៅថ្ងៃទី១៦ មីនា ២០១៧ ក្នុងកិច្ចប្រជុំមួយរវាងលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយប្រតិបត្តិករទូរសព្ទចល័តទាំងអស់នៅកម្ពុជា ។

បើយោងតាម លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) បានអោយដឹងថា មុនឱសានវាទរបស់ក្រសួងបានដាក់ចេញ និយ័តករទូរគមនាគមន៍កម្ពុជា ក៏ធ្លាប់បានព្យាយាមបញ្ឈប់ម្ដងហើយពីការធ្វើប្រូម៉ូស៊ិនទាំងនោះ តែគ្មានប្រសិទ្ធភាព ដោយសារគ្មានការស្រុះស្រួលរវាងក្រុមហ៊ុនទូរសព្ទចល័តរួមមាន៣ក្រុមហ៊ុន(Smart Cellcard និង Metfone) ព្រោះថា ប្រតិបត្តិករតំណាងក្រុមហ៊ុនមានជំហរមិនសប្បាយចិត្តរវាងគ្នានិងគ្នា ដែលគាត់បង្ខំចិត្តនាំគ្នាធ្វើបែបនេះខ្លាចថា វាអត់ស្មើភាពគ្នា ម្នាក់យល់ព្រមឈប់ ម្នាក់ទៀតមិនព្រមឈប់ ។ ការប្រកួតប្រជែងតម្លៃបានចាប់ផ្ដើមដោយក្រុមហ៊ុន Cellcard ដោយក្រុមហ៊ុននេះបានដាក់ចេញគម្រោង១ដុល្លារប្ដូរបាន១០០ដុល្លារ។ ជាការឆ្លើយតបក្រុមហ៊ុន Smart បានដាក់ចេញកញ្ចប់១ដុល្លារប្ដូរបាន១២៥ដុល្លារ និងបន្ទាប់មកក្រុមហ៊ុន Metfone ១ដុល្លារប្ដូរបាន១៥០ដុល្លារ ។
លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា បានពន្យល់អោយដឹងថា ការផ្សាយពាណិជ្ជកម្ម ហាក់មិនសមស្រប ការដែលឲ្យរង្វាន់ច្រើនពេក (បន្ថែមតម្លៃច្រើនពេក) ធ្វើឲ្យអតិថិជនខំតេ (ហៅចេញ) ធ្វើឲ្យស្ទះ ធ្វើឲ្យគុណភាពសេវាមិនល្អ ហើយណាមួយ នៅពេល១ដុល្លារថែមប៉ុន្មានដុល្លារនោះ តែធាតុពិតទៅ សុពលភាពដែលគាត់ឲ្យ ឧទាហរណ៍ ថាបួនដប់ថ្ងៃ តែជួនកាលអត់បានបួនដប់ថ្ងៃទេ ។ តាមពិតទៅ ចរិតនៃការ (ធ្វើប្រូម៉ូស៊ិន)នេះ ហាក់ដូចបោកប្រាស់អតិថិជនបន្តិច» ។
ចំពោះសំណួរសួរថា «ចុះបើគេធ្វើអីចឹង តើចំណេញអ្នកប្រើប្រាស់ដែរទេ?» អ្នកនាំពាក្យរូបនេះពន្យល់ថា «អីចឹង កុំស្រែកថាកាត់លុយ! មើល១ដុល្លារ ដូរបាន១០០ដុល្លារ អាចប្រើទាំងទូរស័ព្ទ និងទិន្នន័យតែសម្រាប់១៤ថ្ងៃប៉ុណ្ណោះ ដូចនេះមួយខែអស់ប៉ុន្មាន? ២ដុល្លារយ៉ាងតិចតែ អាចហៅក្នុងបណ្តាញប៉ុណ្ណោះ ចុះការហៅទូរស័ព្ទ និងសារឆ្លងបណ្តាញ? និងសេវាដទៃទៀត? តើនេះជាការជួយអតិថិជនឬ? ហើយចុះគុណភាពសេវា និងតំបន់គ្របដណ្តាប់សេវា មានតែភ្នំពេញទៅ កុំគិតទៅជនបទអី? នេះមិនទាន់គិតពីស្មាតផង? ១ដុល្លារដូរបាន១២៥ដុល្លារ បាន១សប្តាហ៍ ចុះមួយខែ៤ដុល្លារ ដោយមិនគិតសេវាដទៃ? នេះឬសម្រាប់អតិថិជន។ ចុះចំពោះការអភិវឌ្ឍន៍ និងការបន្តវិនិយោគបន្ថែមរបស់ក្រុមហ៊ុនវិញ បើនៅតែចុះតម្លៃខាត តើមានអ្វីសម្រាប់ការពង្រីកសេវា ក្នុងរយៈពេលវែង?»។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា «និយ័តករទូរគមនាគមន៍កម្ពុជា យល់ឃើញថា ការអនុវត្តរបស់ពួកគាត់នេះគ្រាន់ តែជាការចង់ផ្តួលគ្នាទៅវិញទៅមក និងមិនបានផ្តល់ផលចំណេញ សម្រាប់ការប្រមូលទុនវិនិយោគរបស់ខ្លួន ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងសេវាថ្មី ព្រមទាំងពង្រឹងគុណភាពសេវា របស់ខ្លួនឡើយ និងអតិថិជនក៏មិនបានផល ពីករណីនេះឡើយ លើគុណភាពសេវានៃការប្រើប្រាស់ និងតំបន់សេវាឱ្យធំទូលាយលើសេវាទិន្នន័យ ឬអ៊ីនធឺណិតល្បឿនលឿន ដល់ទីជនបទឡើយ ដោយសារតាមការសង្កេតមើល សេវាអ៊ីនធឺណិតល្បឿនលឿន មានទីក្រុងភ្នំពេញប៉ុណ្ណោះរហូតដល់៧៥% និង២៥% ទៀតសម្រាប់តំបន់ក្រៅពីភ្នំពេញ នៅទូទាំងប្រទេសកម្ពុជា»។
សូមរំលឹកឡើងវិញថា ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីប្រកាសឲ្យក្រុមហ៊ុនទូរស័ព្ទទាំងអស់នៅកម្ពុជា បញ្ឈប់ជាបន្ទាន់នូវការផ្សាយពាណិជ្ជកម្ម តាមគ្រប់រូបភាពអំពីការប្តូរទឹកប្រាក់ ឬបន្ថែមទឹកប្រាក់ណា ដែលមានលក្ខណៈភូតកុហកអតិថិជន ឬលក់ក្រោមថ្លៃដើម៕
ប្រភពពី ៖ angrut.com
Post a Comment