អ្នកសណ្តាន់ខេត្តក្រចេះកំពុងដុតដៃជើងធ្វើទីលានបាល់ទាត់ផ្ទាល់ខ្លួន
អ្នកឃុំសណ្តាន់ខេត្តក្រចេះកំពុងរ៉ៃអង្គាសប្រាក់ និងស្នើសុំដល់សប្បុរសជននានាដើម្បីធ្វើទីលានបាល់ទាត់សមរម្យមួយសម្រាប់បម្រើដល់វិស័យកីឡាបាល់ទាត់នៅតំបន់នេះ បន្ទាប់ពីសកម្មភាពបាល់ទាត់ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផុលផុសទៅ។
លោក ព្រីម មេធានី ជាគ្រូបង្រៀននៅវិទ្យាល័យសណ្តាន់ និងប្រធានក្រុមបាល់ទាត់សណ្តាន់អេហ្វស៊ីបានឲ្យដឹងថា ទីលានបាល់ទាត់សណ្តាន់ដែលកំពុងរៀបចំធ្វើនេះស្ថិតនៅភូមិសណ្តាន់ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះគឺក្នុងបរិវេណបឋមសិក្សាសណ្តាន់២ ក្រោយវត្តសណ្តាន់។ លោកជាអ្នកបង្កើតក្រុមបាល់ទាត់ សណ្តាន់ យូណាយធីត (Sandan United ឥឡូវប្តូរឈ្មោះជា Sandan FC វិញ) កាលខែកក្កដា ឆ្នាំ២០១៥ និងចាប់ផ្តើមជួសជុលទីលានឡើងវិញ។
លោក មេធានី និយាយថា ៖«ដំបូង ខ្ញុំបានផ្សព្វផ្សាយរកជំនួយតាម Facebook ដោយប្រាប់ពីមូលហេតុនៃការបង្កើតក្លឹប គឺការប្រឆាំងនឹងគ្រឿងញៀន ដែលកំពុងញាំញីយុវជននៅតាមភូមិឃុំរបស់ពួកខ្ញុំ»។ ពួកគាត់បានលើកពាក្យស្លោកថា «លេងបាល់ទាត់ ទាត់ចោលគ្រឿងញៀន" និង "កីឡានាំមកនូវសុខភាព មិត្តភាព និងសាមគ្គីភាព»។ ក្រោយមក សប្បុរសជនជិតឆ្ងាយបានចាប់អារម្មណ៍ ក៏បានឧបត្ថម្ភប្រាក់ បាល់ សំណាញ់ និងក្លូជាដើម។ បន្ទាប់មកពួកគាត់បានទិញដើមឈើមកធ្វើបង្គោលទី ទិញដី និងខ្សាច់មកលុបថ្លុក។
សម្រាប់ការធ្វើទីលាននេះ ពួកគាត់បានជួបការលំបាកច្រើនដូចជា ទីលានស្ថិតនៅលើផ្ទៃដីទំនាបពេកងាយលិចទឹកនៅរដូវវស្សា។ ផ្នែកខាងលិចទាបជាងខាងកើត តម្រូវឱ្យចាក់ដីបំពេញឱ្យស្មើ។ ផ្នែកខាងលិចទីលានមានស្រះទឹក និងខាងកើតជាប់នឹងអូរសណ្តាន់ដែលធ្វើឱ្យខូចខាត និងបាត់បាល់ជាច្រើន។ វាជាកន្លែងគោក្របីឆ្លងកាត់ដែលបង្កើតឱ្យមានថ្លុកតូចៗក្នុងទីលាន។

បច្ចុប្បន្នទាំងក្រុមបាល់ទាត់សណ្តាន់ យុវជន និងអ្នកភូមិកំពុងរៀបចំគម្រោងជួសជុលបន្ថែមទៀត
- ចាក់ដីចំនួន១០០ឡាន ត្រូវចំណាយថវិកា ២៥០០០០០រៀល
- ធ្វើសំណាញ់ (បង្គោលដែក) បាំងបាល់កុំឱ្យធ្លាក់ចូលស្រះ និងទឹកអូរដែលត្រូវចំណាយប្រហែល ១២០០០០០រៀល
- បង្គោលទីធ្វើពីដែក និងសំណាញ់ទីដែលត្រូវចំណាយប្រហែល ៤០០០០០រៀល
សរុបគម្រោងចំណាយខាងលើទាំងអស់ចំនួន ៤១០០០០០រៀល ។ រហូតដល់ពេលនេះ ពួកគាត់ទទួលបានប្រាក់ពីចំនួន ១៨១០៧០០រៀល ហើយ។ ទឹកប្រាក់នេះទទួលបានពីកីឡាករក្នុងក្រុមបាល់ទាត់សណ្តាន់ សិស្សនៃវិទ្យាល័យសណ្តាន់ ពលករនៅប្រទេសកូរ៉េ និងប្រជាពលរដ្ឋក្នុងឃុំសណ្តាន់។ លោក មេធានី អំពាវនាវឲ្យសប្បុរសជនជិតឆ្ងាយចូលរួមគាំទ្រ និងឧបត្ថម្ភដល់ពួកគាត់ក្នុងការធ្វើទីលានបាល់ទាត់នេះផង៕
ប្រភពពី ៖ សប្យាយ
Post a Comment