សមាគមសហព័ន្ធខ្មែរ-វៀតណាម អំពាវនាវឲ្យ មានវិធានការផ្លូវច្បាប់លើ ហ្វេសប៊ុក ប្រមាថស្តេចខ្មែរ
សមាគមសហព័ន្ធខ្មែរ-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រហស្បតិ៍ បានចេញសេចក្តីថ្លែងការណ៍មួយ ច្រានចោល ការប្រើប្រាស់ឈ្មោះ សមាគមវៀតណាមនៅកម្ពុជា វាយប្រហារប្រមាថ ទៅលើព្រះមហាក្សត្រកម្ពុជា និង ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ គណៈកម្មាធិការកណ្តាលសមាគម ក៏បានអំពាវនាវ ឲ្យមានវិធានការផ្លូវច្បាប់ ចំពោះជនក្លែងបន្លំហ្វេសប៊ុក សមាគមរបស់ខ្លួន ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សមាគម និងជាការញុះញង់មួយមិនអាចទទួលយកបាន។

បន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុកមួយ ឈ្មោះ សមាគមវៀតណាមនៅកម្ពុជា បានវាយប្រហារ និងប្រមាថ ព្រះមហាក្សត្រខ្មែរ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នាំឲ្យមានប្រតិកម្មពី ពលរដ្ឋខ្មែរជាច្រើន គណៈកម្មាធិការកណ្តាល សមាគមសហព័ន្ធខ្មែរ-វៀតណាមនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៦ មីនា បានចេញមុខមកបញ្ជាក់ ភាពស្អាតស្អំរបស់ សមាគម ដោយយោង លើទឡ្ហីករណ៍ បីចំនុច។ តាមរយៈសេចក្តីថ្លែងការណ៍ (ទីមួយ) សមាគម មិនធ្លាប់មានប្រព័ន្ធផ្សព្វផ្សាយសង្គម ហ្វេសប៊ុក ឬគេហទំព័រ ណាមួយឡើយ។ (ទីពីរ) សមាគម បានស្នើទៅ ក្រសួងមហាផ្ទៃ សុំធ្វើវិសោធនកម្មលក្ខន្តិកៈ ប្តូរឈ្មោះពី សមាគមវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា ទៅជា សមាគមសហព័ន្ធខ្មែរ-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា តាំងពីខែមីនា ឆ្នាំ ២០១១។ និងចុងក្រោយ សមាគម ជានិច្ចកាល តែងតែគោរពព្រះមហាក្សត្រ ក៏ដូចជា អនុវត្តគោរពតាមច្បាប់កម្ពុជា។
គណៈកម្មាធិការកណ្តាលសមាគម ក៏បានអំពាវនាវ ឲ្យមានវិធានការផ្លូវច្បាប់ ចំពោះជនក្លែងបន្លំហ្វេសប៊ុក សមាគមរបស់ខ្លួន ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសមាគម និងជាការញុះញង់មួយមិនអាចទទួលយកបាន។
ឆ្លើយតបនឹងការអំពាវនាវនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងប្រាប់វិទ្យុបារាំង RFI ថា បើទោះបីជាគ្មាន ការអំពាវនាវ ក៏ក្រសួងមហាផ្ទៃចាត់ការដែរ ចំពោះរាល់ការជេរប្រមាថព្រះមហាក្សត្រខ្មែរ។ លោក បន្ថែមថា អ្នកជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើកិច្ចការនេះរួចហើយ ដោយត្រូវការពេលវេលាច្រើនបន្តិច ទើបរកមុខម្ចាស់ហ្វេសប៊ុកឃើញ។ បើតាម លោក ខៀវ សុភ័គ តាមបទពិសោធន៍កន្លងមក ម្ចាស់ហ្វេសប៊ុក ដែលបង្កបញ្ហា ភាគច្រើន មានលំនៅដ្ឋាននៅក្រៅប្រទេស មានសញ្ជាតិពីរ ទើបធ្វើឲ្យក្រសួង ពិបាកចាត់វិធានការណ៍។
គួរជម្រាបថា កន្លងមក មានប្រតិកម្មពីសំណាក់ អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន ចំពោះ ហ្វេសប៊ុកមួយ ឈ្មោះ សមាគមវៀតណាមនៅកម្ពុជា ដែលតែង ជេរប្រមាថ ព្រះមហាក្សត្រខ្មែរ។ ជាក់ស្តែង កាលពីថ្ងៃទី ៨ មីនា ហ្វេសប៊ុក នេះ បានប្រកាសហាម មិនឲ្យហៅ វៀតណាម ណាមួយថា យួន ដាច់ខាត បើហៅ ឬជេរ ដាច់ខាតត្រូវចាប់ ដាក់គុក ទោះស្តេច នរោត្តម សីហមុនី ក៏ដោយ។ ហ្វេសប៊ុក ដែលបង្កើតតាំងពីចុងឆ្នាំ ២០១៤ ដដែលនេះ ក៏ធ្លាប់ហៅ អតីតព្រះមហាក្សត្រថាជា «អាស្តេចចោលម្សៀត» ផងដែរ៕
ប្រភពពី ៖ RFI
Post a Comment