ភ្នំពេញ
ភ្នំពេញគឺជារាជធានីរបស់ព្រះរាជាណាចក្រកម្ពុជាហើយជាទីក្រុងដែលធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលមានចំនួនប្រជាន ប្រហែល២លាននាក់នៅក្នុងឆ្នាំ ២០១៧។ ទីក្រុងភ្នំពេញគឺជាមជ្ឈមណ្ឌលធ្វើជំនួញ ពាណិ្ជកម្ម និង ឧស្សាហកម្ម លេខមួយនៅក្នុងប្រទេសកម្ពុជា។
ហើយជាទីក្រុងដែលមានសកលវិទ្យាលយ័ជាច្រើនជាងគេសំរាប់សិស្សានុសិស្សសិក្សារៀនសូត្រ និងជាបណ្ដុំការងារច្រើនជាងគេក្នុងប្រទេសកម្ពុជា ហើយរដ្ឋាភិបាលកម្ពុជាបាន យកចិត្តទុកដាក់យ៉ាងខ្លាំងលើយយុវិជន គ្រប់វិយ័។ រួមមានសំណង់អាគារធំៗជាច្រើន រួមបញ្ជូលទាំងទីផ្សារដែលធំជាងគេក្នុងប្រទេសកម្ពុជាផងដែរ ក្នុងនោះមានផ្សារទំនើបជាច្រើនថែមទៀតផង។ ទីក្រុងភ្នំពេញរាជធានីភ្នំពេញជាកន្លែងដែលប្រជាជនរស់នៅច្រើនជាងកន្លែងណាផ្សេងទៀតក្នុងប្រទេសកម្ពុជា ហើយជាកន្លែងចែកចំណេះដឹងដល់យុវជនជាច្រើនដដែរ។ មានព្រលានយន្តហោះអន្តរជាតិ មានកំពង់ផែរ ផ្លូវទឹក និងកំពុងផែរផ្លូវគោកសំរាប់ផ្គត់ផ្គង់ការដឹកជញ្ជូននិងផ្ទុកទំនិញផ្សេងៗ ជាពិសេសភ្នំពេញជា តំបន់ទេសចរណ៍ទី២បន្ទាប់ពីខេត្តសៀមរាបដែលមានភ្ញៀវទេសចរណ៍អន្តរជាតិមកលេងកំសាន្ត។ ភ្នំពេញមានអាគារធំៗនិងខ្ពស់ៗជាច្រើបានរីកដុះដាលឡើងដូចផ្សិត នៅគ្រប់ទីកន្លែងទាំងអស់។

និរត្តិសាស្ត្រ
ភ្នំពេញយកតាមឈ្មោះវត្តភ្នំជាទីទួលតូចល្មមមួយដែលលំអរពីលើដោយវត្តអារាមមួយដែលបានកសាងឡើងនៅឆ្នាំ១៩២៦និងបានកែប្រែមុខមាត់ថ្មីស្រស់បំព្រងនៅឆ្នាំ ១៩៩៨ ហើយក៏វាជាទីកន្លែងសំគាល់ចាប់បដិសន្ធិតាមព្រេងនិទានរបស់ទីក្រុងភ្នំពេញ ដែលសព្វថ្ងែវត្តភ្នំមានទីតាំងស្ថិតនៅ សង្កាត់ វត្តភ្នំ ខណ្ឌ័ដូនពេញ រាជធានីភ្នំពេញ។ នៅទីបរិវេណវត្តភ្នំគេសង្កេតឃើញថា ប្រជាជន និង ភ្ញៀវទេសចរណ៏ជាតិ ជាច្រើនបានទៅលេងកំសាន្តនៅទីនោះ ជាពិសេសថ្ងៃបុណ្យជាតិ ឬ ថ្ងៃបុណ្យប្រពៃណីជាតិធំៗ។ដែលបង្កើតបានជាភាពសប្បាយរីករាយ ហើយវត្តភ្នំនេះក៏ជាកន្លែងទីសក្ការបូជាសម្រាប់ព្រះពុទ្ធសាសានា និង ពុទ្ធសាសនិក គ្រប់មជ្ឈដ្ឋានផងដែរ៕
វត្តភ្នំគឺជាបេះដូងនៃរាជធានីភ្នំពេញ ហើយក៏ជាកន្លែងដែលសម្រាប់លំហែរកាយដ៏សំខាន់ផងដែរ សម្រាប់ទាក់ទាញនូវភ្ញៀវទេសចរណ៏ ជាតិ និង អន្តរជាតិចូលមកទស្សនា។ នាឡិកានៅវត្តភ្នំ!
រឿងនិទានមួយកាលនៅឆ្នាំ ១៣៧២ ឧបាសិកាចាស់ម្នាក់ ឈ្មោះដូនពេញបានធ្វើដំណើរទៅដល់មាត់ទឹកនៃទន្លេមេគង្គ ហើយបានឃើញដើមគគីរងាប់មួយយ៉ាងធំកំពុងអណ្ដែតចុះទៅតាមខ្សែទឹក។ នៅខាងក្នុងប្រហោងនៃដើមគគរីនោះមានរូបចំលាក់សំរិទ្ធិបួន និង បដិមាព្រះពុទ្ធធ្វើពីថ្មមួយ។
ដូនពេញបាននាំរូបបដិមាទាំងនោះឡើងលើគោក ហើយបាននាំប្រជាជនដើម្បីពូនដីនៅភាគអាគ្នេយ៍នៃផ្ទះរបស់គាត់។ ក្រោយមកគាត់ក៏បានយកដើមគគីរនោះទៅសាងជាព្រះវិហារនៅលើភ្នំនោះដើម្បីតំកល់ព្រះបដិមាព្រះពុទ្ធរូបទាំងប្រាំអង្គនោះ ហើយក្រោយមកវត្តនោះក៏ដាក់ឈ្មោះតាមគាត់ថា វត្តភ្នំដូនពេញ ដែលបច្ចុប្បន្នកាលនេះគេស្គាល់ថាវត្តភ្នំៗនេះឯង ដែលជាកូនភ្នំតូចមួយដែលមានកំពស់ ២៧ មាត្រ (៨៩ ភត)។ ក្រោយមកស្ដេចពញាយ៉ាត ដោយទ្រង់ទតឃើញនូវសេចក្ដីជ្រះថ្លារបស់ដូនពេញចំពោះព្រះពុទ្ធសាសនាដូច្នេះហើយ ទើបទ្រង់ក៏បានតាំងឈ្មោះខេត្តនេះសាជាថ្មីថា ភ្នំពេញ ដែលមុនទីត្រង់ភ្នំពេញសព្វថ្ងៃនេះ គេហៅថា ខេត្តកោះឫស្សីកែវ ដែលបច្ចុប្បន្នមានខណ្ឌមួយឈ្មោះថា ខណ្ឌឫស្សីកែវ និង ខណ្ឌមួយទៀតឈ្មោះថា ខណ្ឌដូនពេញ ដែលដូនពេញនេះយកតាមឈ្មោះរបស់ដូនពេញ។
តែបើគិតតាមភូមិសាស្ត្រ និងឈ្មោះគួរតែគេយកឈ្មោះតាមការចាក់ដីបំពេញបង្កើតជាភ្នំព្រោះវាជាភ្នំដី ដូច្នេះប្រហែលជាដំបូងឈ្មោះ ភ្នំបំពេញ រួចក្លាយជា ភ្នំពេញ។
ប្រវត្តិ
ដំបូងឡើយភ្នំពេញមានឈ្មោះថា ខែត្រ ខែត្រកោះឫស្សីកែវ ដែលមន្ត្រីត្រួតខែត្រនេះមានងារថា ចៅពញារាជាមេត្រី។
ក្នុងរាជពង្សាវតារខ្លះបាននិទានពីប្រវត្តិសាស្រ្តនៃក្រុងភ្នំពេញដោយមានសេចក្តីសំរួលដូចតទៅ៖
ដើមឡើយមានការកត់ត្រា មួយសតវត្សក្រោយមកនិយាយរៀបរាប់រឿងនិទាននៃការកកើតភ្នំពេញដែលនិទានអំពីស្ត្រីអ្នកស្រុកម្នាក់ជាអ្នកមានទ្រព្យស្តុកស្តម្ភ ឈ្មោះដូនពេញដែលផ្ទះគាត់តាំងនៅលើត្រើយខាងលិចនៃទន្លេច្រាបឈាម ទន្លេចតុមុខសព្វថ្ងៃគឺទីក្រុងភ្នំពេញ (កាលណោះគេហៅថា ខែត្រកោះឫស្សីកែវ)។ នៅចុងសតវត្សទី១៤ កាលណោះរាជធានីខ្មែរគឺស្ថិតនៅសៀមរាបនៅឡើយដែលមានចំងាយ ៣៥០ គ.ម. (២២០ ម៉ៃ.) ទៅភាគខាងលិច។ នាសម័យថ្ងៃមួយ ក្នុងរដូវវស្សាមានទឹកជំនន់នៅប្រទេសលាវយ៉ាងធំបណ្ដាលអោយបាក់ច្រាំង រលំដើមគគីរជាច្រើន ហើយអណ្តែតបណ្តោយទឹកតាមទន្លេមេគង្គរហូតមកដល់ទន្លេច្រាបឈាម។ ក្នុងចំណោមនោះ មានដើមគគីរធំមួំយ បានអណ្តែតមកទើនៅត្រង់មាត់កំពង់របស់ដូនពេញ។ គាត់ក៏បានបបួលញាតិមិត្តជិតខាងជិះទូក ទៅចងដើមគគីរនោះ ហើយនាំយកមកលើគោក។ កាលបើអ្នកទាំងនោះរើសំរាមនៅគល់គគីរ ស្រាប់តែឃើញព្រះពុទ្ធរូបបួនព្រះអង្គ និងរូបបដិមាថ្ម មានលក្ខណៈជាព្រាហ្មណ៍ នៅក្នុងប្រហោងឈើនោះ។ ពួកអ្នកស្រុកបានដង្ហែរូបបដិមាទាំងនោះ យកទៅតំកល់ទុកនៅផ្ទះដូនពេញ ហើយគាត់បានអោយគេជញ្ជូនដីពូនដំបូកភ្នំភាគឦសានផ្ទះ និងអោយគេយកឈើគគីរនោះសង់ព្រះវិហារតូច មួយនៅលើកំពូលភ្នំនោះ ហើយបានយកព្រះពុទ្ធរូបនោះទៅតំកល់ទុកព្រះវិហារនោះនៅឆ្នាំ ជូត ឆស័ក ព.ស. ១៩១៦ គ.ស ១៣៧២។ តមកទៀតដូនពេញបានអោយគេសង់ខ្ទមមួយខាងឦសានព្រះវិហារ រួចគេយកបដិមាថ្ម ទៅតំកល់ទុកទីនោះ ហើយបានសន្មតថា អ្នកតាព្រះចៅ ។
ពិធីបុណ្យសម្ពោធក៏ត្រូវបានប្រារឰឡើង ដើម្បីសម្ពោធពុទ្ធសេនាសនៈ យ៉ាងអធិកអធម។ ដោយអាស្រ័យហេតុនេះ ភ្នំនេះក៏មានឈ្មោះហៅថា ភ្នំដូនពេញ ហើយដែលយូរៗទៅក្លាយនៅត្រឹមតែភ្នំពេញ ដូចយើងហៅសព្វថ្ងៃនេះ។ គួរគប្បីបញ្ជាក់ថា ចំពោះរូបបដិមាដែលដូនពេញបានរកឃើញក្នុងរន្ធដើមគគីរនោះរាជពង្សសាវតារ និងអត្តបទចំលងតៗមកទៀតនិយាយមិនស្របគ្នាសោះ ខ្លះថាមានពុទ្ធបដិមាបួនអង្គធ្វើពីលង្ហិន និងបដិមាថ្មកាន់ស័ង្ខ និងគទា (ព្រះនារាយណ៍?) ខ្លះថាមាន ព្រះពុទ្ធរូប ពីរអង្គមានព្រះភ័ក្ត្រឈរ ជាបួនទិស ខ្លះទៀតថាមានព្រះពុទ្ធរូបសំរិទ្ធមួយព្រះអង្គ មានព្រះភ័ក្ត្រ តាំងសមាធិ និងរូបបដិមា ១ ដៃកាន់ស័ង្ខមានផ្នួងសក់ដូចជាពួកព្រាហ្មណ៍ ។ តែបើតាមរូបតំណាងដែលមានតំកល់នៅក្នុងព្រះវិហារវត្តភ្នំ (ភ្នំដូនពេញ) សព្វថ្ងៃគឺជាព្រះពុទ្ធរូបប្រក់នាគ ៤អង្គគង់លើបុស្បុកទល់ព្រះប្រឹស្ន (ខ្នង) នឹងគ្នាទៅវិញ។ ការរកឃើញនេះត្រូវបានចាត់ទុកថាជាការប្រសិទ្ធិពររបស់ទេព្ដា និង អ្នកខ្លះយល់ថាជាសញ្ញាដែលរាជធានីខ្មែរនឹងត្រូវមកតាំងនៅភ្នំពេញនេះ។ ដើម្បីតំកល់វត្ថុសក្ដិសិទ្ធិដែលបានរកឃើញ ដូនពេញបានលើកកូនភ្នំតូចមួយនៅលើច្រាំងទន្លេខាងលិចនៃទន្លេសាប និង បានអភិសេកជាមួយទីសក្ការៈបូជា បច្ចុប្បន្នត្រូវបានគេស្គាល់ថាវត្តភ្នំនៅចុងខាងជើងភាគកណ្ដាលនៃភ្នំពេញ។ ភ្នំដូនពេញ បានយកឈ្មោះតាមអ្នកកសាងវាឡើង និងបរិវេណជុំវិញនោះត្រូវបានគេស្គាល់ ក្រោយមកនៅត្រឹមតែ ភ្នំពេញ។
ក្រោយមកក៏មានឈ្មោះថា រាជធានីចតុមុខ មានន័យថា ទីក្រុងដែលមានមុខបួន។ ឈ្មោះនេះដែរយកតាមការរត់ប្រសព្វគ្នានៃទន្លេ ៤ គឺមាន ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និង ទន្លេសាប។ ទន្លេទាំង ៤ បានរត់ប្រសព្វគ្នាត្រង់កន្លែងដែលក្រុងចតុមុខបានតាំងនៅដូច្នេះក៏តាំងឈ្មោះដូច្នេះទៅ ក្រុងចតុមុខ។
ភ្នំពេញបានក្លាយទៅជារាជធានីនៃប្រទេសកម្ពុជាជាលើកដំបូងក្នុងរជ្ជកាលស្តេចពញាយ៉ាត ដែលជាស្តេចនៃអាណាចក្រខ្មែរនាសម័យនោះ។ ស្តេចពញាយ៉ាតបានរើរាជធានីពីរាជធានីអង្គរធំ មកភ្នំពេញ បន្ទាប់ពីរាជធានីត្រូវបានក្តោបក្រសោបយកដោយប្រទេសសៀមប៉ុន្មានឆ្នាំមុននោះបន្តិច។ ក្នុងរជ្ជកាលព្រះបាទនរោត្តម ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ក្រុងភ្នំពេញបានក្លាយជាកន្លែងឈរជើងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយនិងព្រះបរមរាជវាំង។
រាជធានីភ្នំពេញចាប់ផ្តើមស្ថាបនាលើកដំបូងបង្អស់នៅពុទ្ធសតវត្សទី២១ គ្រិស្តសតវត្សទី១៥ ក្នុងរជ្ជកាលព្រះបរមរាជា (ពញាយ៉ាត) គឺព្រះស្រីសុរិយោពណ៌ នៅពេលដែលទ្រង់បោះបង់ចោលព្រះរាជវាំងអង្គរមកកសាងព្រះរាជវាំងថ្មីនៅ ទួលបាសាន្តក្នុងខែត្រស្រីសឈរ ដែលសព្វថ្ងៃហៅថា ស្រុកស្រីសន្ធរ ក្នុងខេត្តកំពង់ចាម។ ប៉ុន្ដែដោយទីទួលបាសាន្តនោះ ក្នុងរដូវភ្លៀងមានទឹកលិចរាល់ឆ្នាំ ទ្រង់បានសាងប្រាសាទព្រះរាជវាំងហើយគង់នៅបានតែមួយឆ្នាំ ក៏ទ្រង់ស្ដេចយាងមកកសាងទីក្រុងថ្មី នៅឆ្នេរទន្លេបួនមុខ គឺក្រុងភ្នំពេញសព្វថ្ងៃនេះ នៅ គ.ស. ១៤៣៤។ មានចេតិយមួយនៅពីក្រោយវត្តភ្នំ ដែលតំកល់ព្រះអដ្ឋិធាតុព្រះពញាយ៉ាត និង ព្រះញាតិវង្ស ដូចគ្នាដែរ ក៏មានរូបចំលាក់ខាងពុទ្ធសាសនាដែលសេសសល់ពីសម័យអង្គរផងដែរ។
ភ្នំពេញនៅតែជារាជធានីអស់រយៈពេល ៧៣ ឆ្នាំ—ចាប់ពីឆ្នាំ ១៤៣២ ដល់ ១៥០៥។ វាត្រូវបានគេបោះបង់ចោលអស់រយៈពេល ៣៦០ ឆ្នាំ—ចាប់ពីឆ្នាំ១៥០៥ ដល់ ១៨៦៥—ដោយសារតែស្ដេចបន្តបន្ទាប់ ព្រោះតែជំលោះផ្ទៃក្នុងរវាងពួកស្ដេចដណ្ដើមរាជ្យគ្នាទៅវិញទៅមក។ ព្រះមហាក្សត្រក្រោយៗមកទៀតបានរើរាជធានីជាច្រើនលើក និង បានបង្កើតរាជធានីនៅទីតាំងផ្សេងៗ នៅទួលបាសាន្ត (ស្រីសន្ធរ (ស្រីសន្ធរ) ពោធិ៍សាត់ លង្វែក ល្វាឯម និង ឧដុង្គ។
នៅសតវត្សទី១៧ ពួកអន្តោប្រវេសន៍ជប៉ុនក៏បានមកតាំងលំនៅនៅជាយក្រុងនៃភ្នំពេញសម័យបច្ចុប្បន្ននេះ។សហគមន៍ព័រទុយហ្កាល់តូចមួយបាននៅសេសសល់នៅភ្នំពេញរហូតមកដល់សតវត្សទី១៧ ដែលកំពុងធ្វើសកម្មភាពពាណិជ្ជកម្មនិងសាសនានៅក្នុងប្រទេសនេះ។
វាមិននៅរហូតដល់ឆ្នាំ ១៨៦៦ ទេ ក្រោមរជ្ជកាលនៃព្រះបាទនរោត្តម (១៨៦០-១៩០៤) ព្រះបុត្រាច្បងនៃព្រះបាទអង្គដួង ដែលទ្រង់បានដឹកនាំប្រទេសក្នុងនាមជួសសៀម ដែលភ្នំពេញបានក្លាយជាទីតាំងអចិន្ត្រៃយ៍នៃរដ្ឋាភិបាលនិងរាជធានីនៃប្រទេសកម្ពុជា ហើយក៏ជាកន្លែងដែល ព្រះរាជវាំងថ្មីត្រូវបានសាងសង់ឡើងផងដែរ។ នៅពេលផ្ដើមឆ្នាំ ១៨៧០ ពួកអាណានិគមនិយមបារាំងបានកែប្រែពីភូមិតាមមាត់ទន្លេមួយទៅជាទីក្រុងមួយ ដោយពួកគេបានសាងសង់ សណ្ឋាគារ សាលារៀន គុក បន្ទាយទាហាន ធនាគារ ការិយាល័យការងារសាធារណៈ ការិយាល័យទូរលេខន៍ សាលាកាត់ក្ដី និង អគារបំរើសេវាសុខភាព។ នៅឆ្នាំ ១៨៧២ មួយប៉ព្រិចភ្នែកដំបូង ទីក្រុងសម័យថ្មីមួយក៏បានប្រែរូបរាង នៅពេលនោះ ពួករដ្ឋការអាណានិគមបានប្រើសេវានៃសហគ្រិនម៉ៅការបារាំង លើ-ផ្វូសឝា ដើម្បីសាងសង់ផ្ទះបេតុង ៣០០ ខ្នងដំបូងសំរាប់លក់ និង ជួលទៅអោយពួកពាណិជ្ជករចិន។ កាលជំនាន់អាណានិគមបារាំង ភ្នំពេញស្ថិតក្នុងរដ្ឋបាលដែនដីជាស្រុកមួយនៅក្នុងខេត្តកណ្ដាល ដែលសព្វថ្ងៃត្រូវនឹងស្រុកអង្គស្នួលសព្វថ្ងៃនេះនិងបរិវេណភ្នំពេញសព្វថ្ងៃដែរវាលែងតែខណ្ឌព្រែកព្នៅ ជ្រោយចង្វារ ច្បារអំពៅ មានជ័យ ដង្កោ ឫស្សីកែវ និងសែនសុខចេញ នេះបើផ្អែកលើប្រវត្តិលោកតាង៉ុយដែលលោកកើតនៅក្នុងស្រុកភ្នំពេញនាសម័យនោះ។
នៅទសវត្សឆ្នាំ១៩២០ ភ្នំពេញត្រូវបានគេស្គាល់ថាជា គុជអាស៊ី និង ជាងបួនទសវត្សបន្ទាប់ ភ្នំពេញបានបន្តឆ្លងកាត់ការអភិវឌ្ឍយ៉ាងរហ័សជាមួយការសាងសង់ផ្លូវដែកទៅព្រះសីហនុ និង ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង (ឥឡូវ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)។
កាលណោះ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ-មុន្នីវង្ស (១៩២៧‑១៩៤១) ភ្នំពេញស្ថិតនៅជាស្រុកចំណុះខេត្តកណ្ដាល (១៩២៧-១៩៤១) ហើយចៅហ្វាយស្រុកភ្នំពេញមានងារជា បំរុងរាជា និង បាឡាត់ស្រុកភ្នំពេញមានងារជា ពិភ័ត្តរាជាសង្គ្រាម។ ហេដ្ឋារចនាសម្ពន្ធភ្នំពេញបានសឱ្យឃើញនូវទំនើបកម្មជាច្រើនក្រោមការដឹកនាំរបស់ព្រះសីហនុ។
កំឡុងសង្គ្រាមវៀតណាម កម្ពុជាត្រូវបានប្រើជាមូលដ្ឋានទ័ពដោយកងទ័ពវៀតណាមខាងជើង និង វៀតកុង និងជនភៀសខ្លួនរាប់ពាន់នាក់មកពីទូទាំងប្រទេសបានជន់ជោរនៅទីក្រុងដើម្បីជៀសឱ្យឆ្ងាយពីការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាល ក.វ.ជ/រ.រ.ជ. សម្ព័ន្ធមិត្តវៀតណាមខាងត្បូង និង ខ្មែរក្រហម។ នៅឆ្នាំ១៩៧៥ ប្រជាជនពី ២-៣ លាននាក់ ភាគច្រើននៃពួកគេគឺជាជនភៀសខ្លួនដោយសារសង្គ្រាម។ ខ្មែរក្រហមបានកាត់ផ្ដាច់ជំនួយនិងការផ្គត់ផ្គង់ផ្សេងៗចូលទៅកាន់ទីក្រុងអស់រយៈពេលជាងមួយឆ្នាំមុនពេលភ្នំពេញធ្លាក់នៅថ្ងៃ ១៧ មេសា ១៩៧៥។ របាយការណ៍ពីពួកអ្នកសារព័ត៌មានបានថ្លែងថាការបាញ់ផ្លោងរបស់ខ្មែរក្រហម បានធ្វើទុកបុកម្នេញរដ្ឋធានីនេះស្ទើរតែគ្មានលួសថ្ងៃ ដែលបង្កឱ្យមាន ការស្លាប់ និង ពិកាមិនរើសមុខ លើអសេនិកជនដែលបានជាប់ក្នុងក្រុងរាប់លាននាក់។ ខ្មែរក្រហមបានបណ្ដេញប្រជាជនចេញពីទីក្រុងទាំងអស់ដោយបង្ខំ បន្ទាប់ពីដណ្ដើមបានរដ្ឋធានី ដែលត្រូវបានពិពណ៌នាថាជាក្បួនមរណៈ: លោកផ្វ្រង់ស៊្វ័រ-ប៉ង់ឆូដបានសរសេរថា ខ្ញុំមិនអាចបំភ្លេចបានទេ ជនពិកាម្នាក់ដែលគាត់គ្មានដៃ រឺ ក៏ជើង ដែលកំពុងននាលលើដីពិតហាក់ដូចជាសត្វដង្កូវ រីឯ ឪពុកដែលកំពុងសំរក់ទឹកភ្នែកបីកូនស្រីអាយុដប់ឆ្នាំរុំក្នុងសំពត់ចងជាប់ករបស់គាត់ដូចជាសំពាយ ចំណែកបុរសម្នាក់ទៀតដែលមានតែជើងពីររបស់គាត់យីកយោកនៅចុងជើងមិនមានពាក់អ្វីឡើយក្រៅតែពីស្បែកទទេ ចន-ស្វេនបានរំលឹកឡើងវិញថា ពួកខ្មែរក្រហមបានបណ្ដេញអ្នកជំងឺចេញពីមន្ទីរពេទ្យឱ្យប្រសាចដូចជាសំរាមនៅតាមផ្លូវ.... ក្នុងសង្គ្រាមប្រាំឆ្នាំនេះមក វាគឺជាក្បួនចេញដំណើរដ៏សែនឆ្ងាយប្រកបដោយទុក្ខវេទនារបស់មនុស្សដែលខ្ញុំធ្លាប់បានឃើញ។ អ្នករស់អចិន្ត្រៃយ៍ក្នុងក្រុងទាំងអស់ រួមមានពួកអ្នកមានស្ដុកស្ដម្ភ និង អ្នករៀនសូត្រនៅទីក្រុង ពួកគេត្រូវបានគេបង្ខំឱ្យធ្វើការងារតាមស្រុកស្រែចំការដែលត្រូវបានគេចាត់ទុកដោយពួកខ្មែរក្រហមថាជា ប្រជាជនថ្មី។
វិទ្យាល័យទួលស្លែងត្រូវបានកាន់កាប់ដោយកងកំលាំងរបស់ប៉ុល-ពត និងបានប្រែក្លាយទៅជាមន្ទីរស-២១ ជាកន្លែងដែលមនុស្សត្រូវបានគេឃុំឃាំង និង ធ្វើទារុណកម្ម។ ប៉ុល-ពតបានព្យាយាមធ្វើសេដ្ឋកិច្ចដោយពឹងផ្អែកលើកសិកម្ម និងដោយហេតុនេះហើយបានបង្កឱ្យមានការកាប់សំលាប់មនុស្សជាច្រើនបើសិនជាពួកគេបានដឹងថាជនទាំងឡាយណាជាអ្នករៀនសូត្រ "ខ្ជិលច្រអូស" រឺ គិតថាពួកគេជាសត្រូវនយោបាយ។ អ្នកដទៃទៀតជាច្រើនបានស្លាប់ដោយភាពអត់ឃ្លាន ដែលជាលទ្ធផលបរាជ័យនៃសង្គមកសិកម្មគំរូ ស្រូវត្រូវបានលក់ឱ្យចិនដើម្បីដោះដូរមកវិញនូវគ្រាប់ និងអាវុធយុទ្ធភណ្ឌផ្សេងៗ។ អតីតវិទ្យាល័យមួយបច្ចុប្បន្នបានក្លាយជាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងជាកន្លែងដែលឧបករណ៍ទារុណកម្មរបស់ខ្មែរក្រហម និង រូបថតនៃជនរងគ្រោះត្រូវបានដាក់តាំងបង្ហាញ។ ជើងឯក (វាលពិឃាត) មានចំងាយ ១៥ សហាតិមាត្រ (៩ ម៉ៃ.) ដែលពួកខ្មែរក្រហមបានបណ្ដើរអ្នកទោសពីទួលស្លែងទៅសំលាប់និងកប់ក្នុងរណ្ដៅរាក់ៗ បច្ចុប្បន្នបានក្លាយជាទីរំលឹកដល់អ្នកដែលត្រូវបានគេសំលាប់ដោយរបបនេះ។

ពួកខ្មែរក្រហមត្រូវបានរុញច្រានចេញពីភ្នំពេញដោយយួននៅឆ្នាំ ១៩៧៩[១០] ហើយប្រជាជនបានចាប់ផ្ដើមត្រឡប់មករស់នៅទីក្រុងនេះវិញ។ វៀតណាមតាមប្រវត្តិសាស្ត្រជារដ្ឋមួយដែលកម្ពុជាធ្លាប់មានជំលោះជាមួយជាច្រើនលើកច្រើនសា ដោយហេតុនោះហើយការរំដោះនេះត្រូវបានបង្ហាញឱ្យឃើញនូវអារម្មណ៍រើសអើងពូជសាសន៍ពីជនកម្ពុជា។ សម័យកាលនៃការកសាងឡើងវិញបានចាប់ផ្ដើម ត្រូវបានជំរុញដោយស្ថេរភាពនឹងននៃរដ្ឋាភិបាល ដែលទាក់ទាញការបណ្ដាក់ទុន និង ជំនួយបរទេសថ្មីៗតាមបណ្ដាប្រទេសជាច្រើនរួមមាន បារាំង អូស្ត្រាលី និង ជប៉ុន។ កំចីត្រូវបានធ្វើឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី និង ធនាគារពិភពលោកដើម្បីធ្វើឱ្យដូចដើមវិញនូវការផ្គត់ផ្គង់ទឹកស្អាត ផ្លូវថ្នល់ និង ហេដ្ឋារចនាសម្ពន្ធដទៃៗទៀត។ ជំរឿន ១៩៩៨ បានបង្ហាញថាប្រជាជនភ្នំពេញមានចំនួន ៨៦២០០០ នាក់[១១] និង ជំរឿន ២០០៨ មានចំនួន ១,៣ លាននាក់។
ភូមិសាស្ត្រ
ភ្នំពេញស្ថិតនៅតំបន់ខាងត្បូង-កណ្ដាលប្រទេសកម្ពុជា ដែលព័ទ្ធជុំវិញដោយខេត្តកណ្ដាល។ ទីក្រុងស្ថិតនៅលើច្រាំងនៃទន្លេសាប មេគង្គ និង បាសាក់។ ទន្លេទាំងនេះផ្ដល់នូវទឹកសាប និង ធនធានធម្មជាតិដទៃទៀតដល់ទីក្រុងនេះ។ ភ្នំពេញ និង បរិវេណព័ទ្ធជុំវិញប្រកបដោយវាលទំនាបលិចទឹកមួយបែបនៃប្រទេសកម្ពុជា។ ទោះបីជាភ្នំពេញស្ថិតនៅ ១១,៨៩ មាត្រ (៣៩ ភត) ខាងលើទន្លេទាំងនេះក៏ដោយ ក៏ជំនន់រដូវមូសុងគឺជាបញ្ហាមួយ ហើយទន្លេនោះជួនកាលហូរលើច្រាំងរបស់វា។
ទីក្រុងនេះ បានតាំងនៅ 11.55°N 104.91667°E (១១°៣៣' ជើង, ១០៤°៥៥' កើត,[១៣]) គ្របដណ្ដប់លើផ្ទៃដី ៦៧៨,៤៦ សហតិមាត្រការ៉េ (២៦២ ម៉ាយ ក.) ដែលមាន ១១៤០១ ហិកតា (២៨១៧២ អេកឺរ) ភាគខ្លះជាផ្ទៃក្រុង និង ផ្លូវ ២៦១០៦ ហិកតា (៦៤៥០៩ អេកឺរ)។ ដីកសិកម្មក្នុងក្រុងនេះមានចំនួន ៣៤,៦៨៥ សហតិមាត្រការ៉េ (១៣ ម៉ាយ ក.) ដែលមានភាគខ្លះ ១,៤៧៦ សហតិមាត្រការ៉េ (៣៦៥ អេកឺរ) ជាផ្ទៃដីនៃប្រព័ន្ធធារាសាស្ត្រ។
អាកាសធាតុ
សីតុណ្ហភាពជាធម្មតានៅចន្លោះចាប់ពី ២២ ដល់ ៣៥ °C (៧២ ដល់៩៥ °F) និងធាតុអាកាសគឺស្ថិតនៅក្រោមឥទ្ធិពលមូសុងនិវត្តន៍។ មូសុងនិរតីបក់ចូលដីគោកនាំមកនូវខ្យល់ផ្ទុកដោយសំណើមពីឈូងសមុទ្រថៃ និង មហាសមុទ្រឥណ្ឌា ពីខែឧសភា ដល់ តុលា។ មូសុងឦសានបក់នាំរដូវប្រាំងមក ឱ្យបន្តពីខែ វិច្ឆិកា ដល់ មីនា។ ទីក្រុងនេះរងនូវការធ្លាក់ភ្លៀងខ្លាំងបំផុតចាប់ពីខែកញ្ញា ដល់ តុលា ដែលមានរយៈកាលក្ដៅហែងក្នុងខែមករា និង កុម្ភៈ។
ទីក្រុងនេះមានពីររដូវ។ រដូវវស្សាដែលមានចាប់ពីខែឧសភា ដល់ តុលាបង្ហាញឱ្យឃើញសីតុណ្ហភាពខ្ពស់នាំមកនូវដោយសំណើមខ្ពស់។ រដូវប្រាំងបន្តចាប់ពីខែវិច្ឆិកា ដល់ មេសា នៅពេលដែលសីតុណ្ហភាពអាចធ្លាក់មកដល់ ២២ °C (៧២ °F)។ ប៉ុន្តែសីតុណ្ហភាពអាចឈានមកដល់ ៤០ °C (១០៤ °F)ក្នុងខែមេសា។ ខែល្អបំផុតដើម្បីមកទស្សនាទីក្រុងនេះគឺខែវិច្ឆិកា ដល់ កុម្ភៈនៅពេលសីតុណ្ហភាពមានសំណើម និង ភ្លៀងធ្លាក់មានកំរិតទាបជាងគេ។
ប្រជាសាស្ត្រ
កាលពី 2008 ភ្នំពេញមានប្រជាជន ២០០៩២៦៤ នាក់ ដែលមានសន្ទភាពប្រជាជនសរុប ៥៣៥៨ នាក់ក្នុងមួយសហតិមាត្រការ៉េ ក្នុងផ្ទៃក្រឡាទីក្រុង ៦៧៨,៤៦ សហតិមាត្រការ៉េ (២៦២ ម៉ាយ ក.)។ អត្រាកំណើនប្រជាជននៃទីក្រុងនេះគឺ ៣,៩២%។ ផ្ទៃទីក្រុងនេះបានកើនឡើងបួនដងចាប់តាំងពីឆ្នាំ១៩៧៩ និងតំបន់ ទីក្រុងមួយនេះនឹងបន្តពង្រីកដើម្បីទ្រទ្រង់ដល់អត្រាប្រជាជន និងសេដ្ឋកិច្ចរបស់ទីក្រុងដែលកំពុងតែកើនឡើង។
ភ្នំពេញភាគច្រើនត្រូវបានតាំងទីលំនៅដោយជនជាតិខ្មែរ ដែលតាងឱ្យប្រជាជន ៩០% នៃទីក្រុងនេះ។ មានជនជាតិភាគតិចច្រើនជាតិសាសន៍ដូចជា ចិន យួន និង ក្រុមជនជាតិភាគតិចដទៃទៀតដូចជា សៀម ប៊ូដុង ម្នងព្រែ កួយ ជង និង ចាម។ សាសនារបស់រដ្ឋគឺពុទ្ធសាសនាថេរវាទ ប្រជាជនច្រើនជាង ៩០% នៅភ្នំពេញគឺជាពុទ្ធបរិស័ទ។ ចាមជាជនជាតិដែលកាន់សាសនាឥស្លាមច្រើនជាងគេរាប់ពីឆ្នាំ១៩៩៣ រៀងមក។ ការកាន់គ្រិស្តសាសនាមានការកើនឡើង ដែលជាសាសនាត្រូវបានគេបំបាត់ចោលមិនអោយកាន់ក្រោយឆ្នាំ១៩៧៥ នៅពេល ពួកខ្មែរក្រហមដណ្ដើមបានទីក្រុង។ ភាសាផ្លូវការនៃទីក្រុងគឺភាសាខ្មែរ ក៏ប៉ុន្តែ ភាសាអង់គ្លេស និង បារាំង ក៏ត្រូវបានប្រើទូលំទូលាយក្នុងទីក្រុងនេះដែរ។
ទីក្រុងនេះមានលិបិក្រមអភិវឌ្ឍន៍មនុស្សខ្ពស់បំផុតក្នុងប្រទេស ដែលមាន ល.អ.ម. ០,៩៣៦ ប្រៀបធៀបទៅនឹងសុចនាករល.អ.ម.អាក្រក់បំផុត ០,២២០ នៅឯមណ្ឌលគិរី— ជាតំបន់ជនបទតាំងលំនៅដោយពួកកុលសម្ព័ន្ធភ្នំ និង ជនជាតិដើម។[១៧] ចំនួនអ្នកតាំងលំនៅក្រីក្រនៅចុងឆ្នាំ២០១២ មានចំនួន ១០៥៧៧១ នាក់បើប្រៀបធៀបជាមួយចំនួន ៨៥៨០៧ នាក់នៅដើមឆ្នាំ២០១២។
ប្រភពឯកសារ ៖ វិគីភឹឌាខ្មែរ
Post a Comment