រឿងមិនចេះចប់! កូរ៉េខាងជើង ព្រមានបាញ់ ពន្លិចនាវាដឹងយន្តហោះចម្បាំង អាមេរិច
កូរ៉េខាងជើង បានព្រមានបាញ់ពន្លិចនាវាដឹកយន្តហោះចម្បាំងអាមេរិក USS Carl Vinson ស្របពេលដែលវាកំពុងឆ្ពោះទៅចូលរួមសមយុទ្ធយោធា ជាមួយនឹងនាវាជើងទឹករបស់ប្រទេសជប៉ុន នៅសមុទ្រហ្វីលីពីន។

កាសែត Rodong Sinmun របស់ប្រទេសកូរ៉េខាងជើង បានចេញផ្សាយការព្រមានថា មេដឹកនាំផ្ដាច់ការ គីម ជុងអ៊ុន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រើកម្លាំងយោធារបស់ខ្លួន ដែលអាចបាញ់ពន្លិចនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ដោយប្រើតែ១គ្រាប់ប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ កាសែតខាងលើនេះ បានបន្តអះអាងថា យោធារបស់ប្រទេសកូរ៉េខាងជើង មានសមត្ថភាពអាចបាញ់ដល់ទ្វីបអាមេរិក និង តំបន់អាស៊ីប៉ាស៊ីហ្វិក ហើយមានកាន់កាប់គ្រាប់បែកអ៊ីដ្រូសែន (Hydrogen Bomb) ដែលគេចាត់ទុកថាជា «អាវុធផ្ដាច់ការ» ដ៏សាហាវទៀតផង។
គួរបញ្ជាក់ថា ការព្រមាននេះបានធ្វើឡើង ស្របពេលដែលនាវាពិឃាដជប៉ុន ២គ្រឿង បានចូលរួមជាមួយ នាវាដឹកយន្តហោះចម្បាំងអាមេរិក USS Carl Vinson និង នាវាចម្បាំងអាមេរិក ២គ្រឿងផ្សេងទៀត។
គួររំលឹកផងដែរថា ប្រទេសកូរ៉េខាងជើង ទើបតែបានចេញសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដោយគំរាមបង្កើតសង្គ្រាមនុយក្លេអ៊ែរប្រឆាំងសហរដ្ឋអាមេរិក បើលោក ដូណាល់ ត្រាំ បើកការវាយប្រហារលើកូរ៉េខាងជើងមែននោះ៕



Post a Comment