កូរ៉េខាងត្បូងបង្កើនកំរិតអាសន្ន ខណៈដែលចិនប្រមូលផ្តុំទ័ពនៅព្រំដែនកូរ៉េខាងជើង
បន្ទាប់ពីបានស្ងប់ស្ងាត់បន្តិចបានពីរបីថ្ងៃ ស្ថានភាពក្នុងឧបទ្វីកូរ៉េ ហាក់កំពុងចាប់ប៉ោងតឹងជាថ្មី ! ក្នុងខណៈដែលអាមេរិកបានប្រកាសថា កងនាវាផ្ទុកយន្តហោះ និងនាវាចម្បាំង Carl Vinson នឹងទៅដល់ឧបទ្វីបកូរ៉េ នៅក្នុងពេលឆាប់ៗ យោធាចិនមានសកម្មភាពខុសប្រក្រតី ឯកូរ៉េខាងត្បូងវិញ បានប្រកាសពង្រឹងកំរិតស្ថានភាពអាសន្នជាថ្មីបន្ថែមទៀត តាំងពីល្ងាចថ្ងៃសុក្រម្សិលមិញមក ដើម្បីជាកិច្ចការពារ។ ព្រោះនៅសប្តាហ៍ក្រោយនេះ បងប្អូនជាគូសត្រូវខាងជើង ត្រូវប្រារព្វពីធីបុណ្យដ៏សំខាន់មួយទៀត។ ដូច្នេះ វាពិតជាឱកាសថ្មីមួយទៀត សម្រាប់របបព្យុងយ៉ាង បញ្ចេញសាច់ដុំ ពោលគឺនឹងអាចមានការសាកល្បងមីស៊ីល ឬការបាញ់នុយក្លេអ៊ែរជាលើកទី៦ផង។

នៅថ្ងៃអង្គារទី ២៥មេសា ខាងមុខនេះ ព្យុងយ៉ាងត្រូវប្រារព្វខួប៨៥ឆ្នាំនៃការបង្កើត “កងទ័ពប្រជាមានិត”។ ក្នុងឱកាសបែបនេះ កូរ៉េខាងជើង តែងតែយកលេសអបអរថ្ងៃបុណ្យ ដើម្បីបង្ហាញអំពីសមត្ថភាពយោធា និងនុយក្លេអ៊ែររបស់ខ្លួន តាមរយៈការបាញ់សាកល្បងមីស៊ីល ឬបាញ់សាកល្បងនុយក្លេអ៊ែរជាលើកទី៦។
កងទ័ពចិនមានសកម្មភាពខ្លាំងខុសប្រក្រតី
ប៉ុន្តែអាចមានហេតុផលសំខាន់មួយទៀត ដែលមកពង្រឹងសម្មតិកម្មរបស់កូរ៉េខាងត្បូងឱ្យពង្រឹងកំរិតអាសន្ន គឺសហរដ្ឋអាមេរិកសង្កេតឃើញមានសកម្មភាពមិនប្រក្រតីរបស់កងទ័ពទម្លាក់គ្រាប់បែកចិន។ មានសកម្មភាពប្លែកយ៉ាងដូច្នេះ មានន័យថាទាហានចិនក៏កំពុងស្ថិតក្នុងស្ថានភាពត្រៀមអាសន្នដែរ ? តើជាត្រៀមអាសន្នអ្វីទៅ ?!
នៅក្នុងសន្និសីទកាសែតយប់មិញ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា ទាហានចិនមានសកម្មភាពប្លែកខ្លាំង ខុសពីទម្លាប់មែនទែន នារយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ។ លោកត្រាំជឿជាក់ក្នុងចិត្តថា ប្រធានាធិបតីចិន ស៊ីជីនពីង ទំនងជាកំពុងសាកល្បងដាក់គំនាបលើសម្ព័ន្ធមិត្តជិតខាងកូរ៉េខាងជើង។ ប៉ុន្តែគ្មានអ្នកទទួលខុសត្រូវយោធាអាមេរិកណាម្នាក់និយាយអំពីបញ្ហានេះ ឬខ្វល់ខ្វាយ ឬដឹងអំពីមូលហេតុច្បាស់លាល់ទាក់ទងនឹងការធ្វើសកម្មភាពខ្លាំងប្លែករបស់ទាហានចិនឡើយ។
ប្រឈមមុខនឹងស្ថានការណ៍បែបនេះ រដ្ឋមន្ត្រីការពារជាតិចិនមិនអាចបិទមាត់ នៅស្ងៀមបានឡើយ។ ក្រសួងការពារជាតិ បានចេញមុខបដិសេធថា គ្មានការត្រៀមអាសន្នអ្វីមួយឡើយ ! ការប្រមូលផ្តុំកម្លាំង នៅតាមព្រំដែនជាប់កូរ៉េខាងជើង គឺជាការត្រៀមរៀបចំ និងហាត់សមធម្មតាតែប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានគូសបញ្ជាក់ជាថ្មី ថាប្រមុខដឹកនាំស៊ីជីនពីង បានជួបពិភាក្សាស៊ីជម្រៅស្តីពីបញ្ហាកូរ៉េខាងជើង ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំរួចហើយ កាលនៅផ្លរីត។ ការពិភាក្សាជាន់ខ្ពស់ដែលជំរុញឱ្យអាមេរិកបានយល់ច្បាស់អំពីជំហរចិន និងការខិតខំប្រឹងប្រែងរបស់ចិន។
រុស្ស៊ីប្រមូលផ្តុំកម្លាំងទ័ពនៅតាមព្រំដែនជាប់ជាមួយកូរ៉េខាងជើងដែរ ?
នេះជាព័ត៌មាន ផ្តល់ដោយប្រជាពលរដ្ឋរុស្ស៊ី ដែលអ្នកសារព័ត៌មានបានចុះផ្សាយបន្ត។ ពលរដ្ឋរុស្ស៊ី នៅតំបន់ភាគខាងកើតបំផុតនៃប្រទេស បានឃើញក្បួនរថយន្ត ដឹកសម្ភារៈយោធាសំដៅទៅកាន់ព្រំប្រទល់កូរ៉េខាងជើង។ ប៉ុន្តែអ្នកនាំពាក្យវិមានក្រេមឡាំង បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់។ មានន័យថារុស្ស៊ីក៏ទំនងជាកំពុងត្រៀមស្ថានការណ៍ដែរ ! ព្រោះរុស្ស៊ីជាប្រទេសមានព្រំដែនជាប់កូរ៉េខាងជើង។ រុស្ស៊ីត្រូវតែប្រុងប្រយ័ត្ន ជាប់ជានិច្ច។
ឧបទ្វីបធ្លាក់ក្នុងភាពតានតឹងស្រាប់ទៅហើយ ! សមយុទ្ធប្រចាំឆ្នាំរវាង អាមេរិកនិងកូរ៉េខាងត្បូង នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី ២៨មេសា ! សម្រាប់កូរ៉េខាងជើង សមយុទ្ធនេះជាការរៀបចំសកម្មភាពឈ្លានពាន។ កន្លងមកគេក៏ធ្លាប់ឃើញព្យុងយ៉ាងបានបញ្ចេញសកម្មភាពផ្គើនតបវិញខ្លះៗដែរ។ ការគំរាមកំហែងរបស់កូរ៉េខាងជើងត្រៀមបាញ់នុយក្លេអ៊ែរជាលើកទី៦ នៅតែមានកំរិតខ្ពស់។
តែលើកនេះកងនាវាផ្ទុកយន្តហោះ និងនាវាចម្បាំងនុយក្លេអ៊ែរអាមេរិក កំពុងរំកិលមកកាន់តែកៀកឧបទ្វីបកូរ៉េហើយ។ បើតាមសេចក្តីប្រកាសរបស់អនុប្រធានាធិបតីអាមេរិក ពីប្រទេសអូស្ត្រាលី តែប៉ុន្មានថ្ងៃទៀតទេ កងនាវាចម្បាំងអាមេរិក នឹងទៅដល់សមុទ្ទជប៉ុន។ មិនមែននៅឆ្ងាយដូច ថ្ងៃដែលកូរ៉េខាងជើងបាញ់មីស៊ីលបរាជ័យឡើយកាលពីថ្ងៃទី ១៦មេសាទេ។ ដូច្នេះចង់មិនចង់ ដោយផ្លូវការនិងដោយចំហ ឬដោយស្ងាត់ៗ ប្រទេសជិតខាងជាប់កូរ៉េខាងជើង ត្រូវតែព្រួយបារម្ភនិងត្រៀមសា្ថនការណ៍ ! ការពារប្រសើរជាងព្យាបាល៕
ប្រភពពី ៖
Post a Comment