រិន សាវ៉េត ត្រូវសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទិញផ្ទះមួយល្វែងឲ្យដាច់តែម្តង!
ភ្នំពេញ៖ ក្រោយពីសពភរិយារបស់ តារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស លោក រិន សាវ៉េត ត្រូវបានបូជាសព្វគ្រប់រួចរាល់ហើយ គេសង្កេតឃើញថា លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ មិនបានឈរឱបដៃមើលឡើយ ដោយលោកព្រមទាំងសប្បុរសជនជាច្រើននាក់ផ្សេងទៀត បាននាំគ្នាជួយឧបត្ថម្ភ និងទំនុកបម្រុងដល់ក្រុមគ្រួសាររបស់លោក រិន សាវ៉េត ផងដែរ។

នេះបើយោងតាមការបង្ហោះរបស់លោក ហេង ឡុង ប្រធានសមាគមជួយសិល្បៈខ្មែរ បានឲ្យដឹងថា លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ និងសប្បុរសជនឯទៃទៀត បានផ្តល់ថវិកាឧបត្ថម្ភជូនដល់ លោក រិន សាវ៉េត សម្រាប់ធ្វើពិធីបុណ្យសពភរិយា និងសម្រាប់ចិញ្ចឹមបីបាច់ថែរក្សាកូនបន្តទៀត។ ថវិកាដែលប្រមូលបានសរុបមានចំនួន 6,785ដុល្លារ និង 1,240,000រៀល ។
លើសពីនេះទៅទៀតនេះ លោក ឃ្លាំង ហួត ក៏បានស្នើសុំដល់ ពង់ ឃាវសែ ប្រធានក្រុមហ៊ុន បុរីរុងរឿង ( OCIC ) នៅផ្ទះល្វែងស្នាក់នៅ មិនគិតប្រាក់ free ចំនួនពីរឆ្នាំ ចំពោះកូនប្រុសកំសត់របស់លោក រិន សាវ៉េត គឺលោកអភិបាល ធានារ៉ាប់រងទាំងស្រុង ជួយឲ្យរៀនសាលាអន្តរជាតិ អង់គ្លេស ខ្មែរ ថែមទៀតផង។
ប៉ុន្តែអ្វីដែលគួរឲ្យរំភើបទៀតនោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានទិញផ្ទះដែល លោក ឃ្លាំង ហួត ដែលបានខ្ចីឱ្យលោក រិន សាវ៉េត រស់នៅនោះ ជូនជាកម្មសិទ្ធផ្ទាល់ខ្លួនរបស់ លោករិន សាវ៉េតតែម្ដង ។
ដែលនេះជាទឹកចិត្តដ៏សែនថ្លៃថ្លា និងគួរឲ្យស្ងប់ស្ងែង របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជា លោកអភិបាល ឃ្លាំង ហួត និងសប្បុរសជនជាច្រើន ដែលយកចិត្តទុកដាក់ចំពោះ សុខទុក្ខរបស់តារាកម្ពុជាផងដែរ៕


Post a Comment