ប្រវត្តិនៃពាក្យ ពោធិ៍ចិនតុង

ពាក្យពោធិ៍ចិនតុង កើតចេញមកពីពាក្យដើមដែលនិយាយថា ដើមពោធិ៍របស់តាតុង។ កាលពីប្រមាណជាជាង ២០០ឆ្នាំមុន មានគ្រួសារមួយដែលមានប្តីប្រពន្ធ២នាក់។ ប្តីឈ្មោះថា ចិនតុង (ចិន ឈ្មោះតុង) ឯភរិយាឈ្មោះយាននន់។ តាយាយទាំងពីរនាក់រស់នៅក្នុងភូមិឈ្មោះ ខ្លាគ្រហឹម ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ។ គាត់ប្រកបរបរស្រែចំការផង លក់ដូរផង។
តាតុង និងយាយនន់ មានកូនភ្លោះពីរនាក់។ ម្នាក់ឈ្មោះ ចិនជី ឬគង់ជី ម្នាក់ទៀតឈ្មោះចិនជីវ ឬគង់ជីវ។ អ្នកទាំងបួន គឺតាតុង យាយនន់ ចិនជី និងចិនជីវ ធ្វើដំណើរតាមរទេះគោមកភ្នំពេញ។ ដោយប្រើរយៈពេលជាកន្លះខែទើបដល់។ នៅលើរទេះគោ ផ្ទុកដោយប្រដាប់ប្រដាហូបចុកគ្រប់គ្រាន់។ពេលមកដល់កន្លែងមួយដែលសព្វថ្ងៃមានឈ្មោះថា «ពោធិ៍ចិនតុង» (កាលនោះពុំទាន់មានដើមពោធិ៍ទេ) ពួកគាត់ក៏នាំគ្នាសំរាកដើម្បីស្រស់ស្រូបអាហារ។
ក្រោយមកតាតុងបានយកដើមពោធិ៍មួយដើមមកដាំកន្លែងដែលធ្លាប់ឈប់សំរាកនោះ ទុកគ្រាន់បានជាម្លប់សំរាប់ការសំរាកផង និងសំរាប់អ្នកដំណើរឯទៀតៗបានម្លប់ជ្រកសំរាកផង។ ដើមពោធិ៍តាតុង ដាំនោះ (កាលឆ្នាំ២០០០) គេនឹងឃើញមានវត្តមាននៅឡើយ គេនឹងឃើញដើមពោធិ៍នោះនៅចំពីមុខផ្សារ Plaza ខាងលិចផ្សារពោធិ៍ចិនតុង។
សំគាល់៖ ចិនតុង ៖ តានោះជាតិចិនឈ្មោះ តុង (ចិនតុង = ចឹកតុង) រីឯចិន = កូនចៅចិន។
សរុបសេចក្តីមកពាក្យ «ពោធិ៍ចិនតុង» គឺមានប្រភពមកពីមានចឹកតុង គាត់បានដាំដើមពោធិ៍មួយដើមទុកជាគុណប្រយោជន៍សំរាប់អ្នកស្រុកធ្វើដំណើរទៅមក។
ប្រភពពី ៖cambodiapice
Post a Comment